២ ពង្សាវតារក្សត្រ 3:8-14 KHOV

8 ទ្រង់​ក៏​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ឡើង​ទៅ​តាម​ផ្លូវ​ណា ស្តេច​អ៊ីស្រា‌អែល​ឆ្លើយ​ថា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​ស្រុក​អេដំម

9 ដូច្នេះ ស្តេច​អ៊ីស្រា‌អែល ព្រម​ទាំង​ស្តេច​យូដា និង​ស្តេច​អេដំម​ក៏​នាំ​គ្នា​ចេញ​ទៅ គេ​ដើរ​ផ្លូវ​វាង​អស់​៧​ថ្ងៃ ឥត​មាន​ទឹក​សំរាប់​ពល‌ទ័ព និង​ហ្វូង​សត្វ ដែល​តាម​គេ​ទៅ​នោះ​សោះ

10 ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ស្តាយ​ណាស់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​យើង​ខ្ញុំ ជា​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ម៉ូអាប់​ហើយ

11 តែ​យ៉ូសា‌ផាត​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឲ្យ​យើង​បាន​សួរ​ដល់​ព្រះ‌អង្គ​ដោយ‌សារ​អ្នក​នោះ​ទេ​ឬ​អី នោះ​អ្នក​ជំនិត​ម្នាក់​របស់​ស្តេច​អ៊ីស្រា‌អែល​ក៏​ទូល​ឆ្លើយ​ឡើង​ថា អេលី‌សេ ជា​កូន​សាផាត ដែល​បាន​ចាក់​ទឹក​លាង​ដៃ​អេលីយ៉ា លោក​នៅ​ទី​នេះ​ដែរ

12 យ៉ូសា‌ផាត​ក៏​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​នឹង​លោក ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ហើយ​ស្តេច​អេដំម ទាំង​៣​អង្គ ក៏​យាង​ចុះ​ទៅ​ឯ​លោក។

13 ឯ​អេលី‌សេ ក៏​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា តើ​ទ្រង់​នឹង​ទូល‌បង្គំ​ត្រូវ​ការ​អ្វី​នឹង​គ្នា ចូរ​ទៅ​ឯ​ពួក​ហោរា​របស់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់​ចុះ តែ​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​តប​ថា ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហៅ​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​ម៉ូអាប់​ហើយ

14 រួច​អេលី‌សេ​ទូល​ថា ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូល‌បង្គំ​មិន​បាន​យល់​ដល់​យ៉ូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូល‌បង្គំ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ទៅ​ទ្រង់ ឬ​ឃើញ​ទ្រង់​ទេ