9 ដូច្នេះ ស្តេចអ៊ីស្រាអែល ព្រមទាំងស្តេចយូដា និងស្តេចអេដំមក៏នាំគ្នាចេញទៅ គេដើរផ្លូវវាងអស់៧ថ្ងៃ ឥតមានទឹកសំរាប់ពលទ័ព និងហ្វូងសត្វ ដែលតាមគេទៅនោះសោះ
10 ដូច្នេះ ស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា ស្តាយណាស់ ព្រះយេហូវ៉ាទ្រង់បានហៅយើងខ្ញុំ ជាស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ូអាប់ហើយ
11 តែយ៉ូសាផាតមានព្រះបន្ទូលសួរថា នៅទីនេះ តើគ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ឲ្យយើងបានសួរដល់ព្រះអង្គដោយសារអ្នកនោះទេឬអី នោះអ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលក៏ទូលឆ្លើយឡើងថា អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃអេលីយ៉ា លោកនៅទីនេះដែរ
12 យ៉ូសាផាតក៏មានព្រះបន្ទូលថា ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅនឹងលោក ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ហើយស្តេចអេដំម ទាំង៣អង្គ ក៏យាងចុះទៅឯលោក។
13 ឯអេលីសេ ក៏ទូលដល់ស្តេចអ៊ីស្រាអែលថា តើទ្រង់នឹងទូលបង្គំត្រូវការអ្វីនឹងគ្នា ចូរទៅឯពួកហោរារបស់ព្រះបិតា និងព្រះមាតាទ្រង់ចុះ តែស្តេចអ៊ីស្រាអែលមានព្រះបន្ទូលតបថា ទេ ដ្បិតព្រះយេហូវ៉ាបានហៅស្តេចទាំង៣អង្គនេះមក ដើម្បីនឹងប្រគល់ទៅក្នុងកណ្តាប់ដៃ នៃពួកម៉ូអាប់ហើយ
14 រួចអេលីសេទូលថា ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា នៃពួកពលបរិវារ ដ៏មានព្រះជន្មរស់នៅ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា បើទូលបង្គំមិនបានយល់ដល់យ៉ូសាផាត ជាស្តេចយូដា នោះប្រាកដជាទូលបង្គំមិនព្រមទាំងក្រឡេកមើលទៅទ្រង់ ឬឃើញទ្រង់ទេ
15 តែឥឡូវនេះ សូមនាំអ្នកភ្លេងម្នាក់មកឯទូលបង្គំ រួចកាលអ្នកនោះកំពុងតែលេងភ្លេង នោះព្រះហស្តនៃព្រះយេហូវ៉ា ក៏មកលើអេលីសេ