22 រួចនាងស្រែកទៅប្ដីថា សូមចាត់បំរើម្នាក់ និងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ
23 ប្ដីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកទេ តែនាងឆ្លើយថា មិនអីទេ
24 នាងក៏ចងកែបលា រួចបង្គាប់អ្នកបំរើថា ចូរវាយជំរត់វាទៅ កុំបង្អង់ឡើយ លើកតែអញបង្គាប់ គឺយ៉ាងនោះដែលនាងធ្វើដំណើរទៅឯអ្នកសំណប់របស់ព្រះ នៅត្រង់ភ្នំកើមែល។
25 កាលអ្នកសំណប់របស់ព្រះ បានឃើញនាងមកពីចំងាយ នោះលោកបង្គាប់ទៅកេហាស៊ី ជាអ្នកបំរើថា នុ៎ះន៏ស្ត្រីស្រុកស៊ូណែម
26 ចូររត់ទៅទទួល ហើយសួរថា តើអ្នកសុខសប្បាយជាទេឬ តើប្ដីរបស់អ្នកជាទេឬ ហើយកូនរបស់អ្នកជាឬទេ តែនាងឆ្លើយថា ជាទេ
27 កាលបានមកដល់អ្នកសំណប់របស់ព្រះ នៅលើភ្នំហើយ នោះនាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណប់របស់ព្រះឃាត់ថា បណ្តោយតាមនាងចុះ ពីព្រោះនាងមានសេចក្តីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាទ្រង់បានលាក់នឹងអញ ឥតសំដែងឲ្យអញដឹងសោះ
28 នោះនាងនិយាយឡើងថា តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់ឬទេ តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំទេឬអី