12 ឯទន្លេអាបាណា និងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹកទាំងឡាយ នៅស្រុកអ៊ីស្រាអែលទេឬអី បើអញមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬអី ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ ដោយសេចក្តីឃោរឃៅជាខ្លាំង
13 តែពួកអ្នកបំរើលោកក៏អែបចូលជិត ជំរាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត
14 ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។
15 រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ
16 តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ
17 ណាម៉ាន់និយាយថា បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់២មកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ
18 តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង