3 នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ
4 នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ
5 ដូច្នេះ ស្តេចស៊ីរីមានព្រះបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប និងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់
6 លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្តីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់
7 កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយព្រះបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។
8 កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន
9 ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ និងរទេះផង