6 លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្តីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់
7 កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយព្រះបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។
8 កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន
9 ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ និងរទេះផង
10 ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ
11 តែណាម៉ាន់មានសេចក្តីកំហឹង ហើយក៏ចេញទៅ ដោយពោលថា មើល អញស្មានថាប្រាកដជាលោកនឹងចេញមកឯអញ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា
12 ឯទន្លេអាបាណា និងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹកទាំងឡាយ នៅស្រុកអ៊ីស្រាអែលទេឬអី បើអញមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬអី ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ ដោយសេចក្តីឃោរឃៅជាខ្លាំង