២ ពង្សាវតារក្សត្រ 6:16-22 KHOV

16 លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត

17 នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ

18 កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ

19 ហើយ​អេលី‌សេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។

20 លុះ​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលី‌សេ​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្តាល​ក្រុង​សាម៉ារី​ហើយ

21 កាល​ស្តេច​អ៊ីស្រា‌អែល​បាន​ឃើញ​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អេលី‌សេ​ថា លោក​ឪពុក​អើយ តើ​ត្រូវ​ឲ្យ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សំឡាប់​គេ​ឬ​អី

22 លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង និង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​ទៅ