២ ពង្សាវតារក្សត្រ 6:30-33 KHOV

30 កាល​ស្តេច​បាន​ឮ​ពាក្យ របស់​ស្ត្រី​នោះ​ហើយ នោះ​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​រាស្ត្រ​គេ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់

31 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​ថា បើ​ក្បាល​អេលី‌សេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង។

32 ឯ​អេលី‌សេ លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ផ្ទះ មាន​ពួក​ចាស់‌ទុំ​នៅ​ជា​មួយ ហើយ​ស្តេច​ទ្រង់​ចាត់​មនុស្ស​ម្នាក់​ពី​ចំពោះ​ទ្រង់ ឲ្យ​ទៅ​រក​លោក តែ​មុន​ដែល​អ្នក​នោះ​មក​ដល់ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ចាស់‌ទុំ​ថា សូម​មើល​បែប​យ៉ាង​ណា ដែល​កូន​របស់​អ្នក​សំឡាប់​គេ​នេះ បាន​ចាត់​មនុស្ស​មក​យក​ក្បាល​ខ្ញុំ​ទៅ សូម​ចាំ​មើល កាល​ណា​អ្នក​នោះ​មក​ដល់ ឲ្យ​បិទ​ទ្វារ​ឲ្យ​ជាប់ កុំ​ឲ្យ​គេ​ចូល​ឡើយ តើ​មិន​ឮ​សូរ​ជើង​របស់​ចៅ‌ហ្វាយ​គេ មក​តាម​ក្រោយ​ទេ​ឬ

33 កាល​លោក​កំពុង​មាន​ប្រសាសន៍ នឹង​អ្នក​ទាំង​នោះ​នៅ​ឡើយ អ្នក​នោះ​ក៏​ចុះ​មក​ដល់ និយាយ​ថា មើល សេចក្តី​វេទនា​នេះ មក​ពី​ព្រះ‌យេហូវ៉ា តើ​ត្រូវ​ឲ្យ​យើង​នៅ​ចាំ​ព្រះ‌យេហូវ៉ា​ធ្វើ​អី​ទៀត។