11 អ្នកឆ្មាំទ្វារក៏ហៅពួកអ្នកយាម ឲ្យគេបន្តដំណឹងនោះដល់ទៅខាងក្នុងព្រះរាជវាំង
12 ឯស្តេចទ្រង់តើនឡើងទាំងយប់ មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា យើងនឹងសំដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីក្រុងនេះទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុងបាន
13 តែពួកជំនិតម្នាក់ទូលថា សូមឲ្យគេយកសេះ៥ដែលនៅសល់ ដែលបានទុកក្នុងទីក្រុង (មើល សេះទាំងនោះក៏ដូចជាសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងទីក្រុងនៅឡើយ គឺដូចជាពួកអ៊ីស្រាអែល ដែលកំពុងតែរោយរៀវទៅហើយនេះ) សូមចាត់គេទៅមើលចុះ
14 ដូច្នេះ គេក៏យករទេះចំបាំង២ទឹមដោយសេះ ហើយស្តេចទ្រង់ចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយព្រះបន្ទូលថា ចូរទៅមើលចុះ
15 អ្នកទាំងនោះក៏ទៅតាមរហូតដល់ទន្លេយ័រដាន់ ឃើញមានសុទ្ធតែអាវ និងភាជនៈផ្សេងៗ ដែលពួកស៊ីរីបានបោះចោលរាយរហូតតាមផ្លូវទៅ ដោយខំរត់ជាប្រញាប់ រួចពួកអ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកទូលទ្រង់វិញ។
16 ឯពួកប្រជាជនទាំងឡាយ ក៏ចេញទៅចាប់យករបឹបនៅទីបោះទ័ពនៃពួកស៊ីរី ដូច្នេះម្សៅយ៉ាងម៉ដ្ត១រង្វាល់ក៏បានលក់ថ្លៃ១រៀល និងម្សៅឱក២រង្វាល់ក៏បានលក់ថ្លៃ១រៀលដែរ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
17 ហើយស្តេចទ្រង់ដំរូវមេទ័ពម្នាក់ ដែលទ្រង់បានព្រយុងលើដៃលោក ឲ្យចេញទៅត្រួតត្រាមើលការនៅត្រង់មាត់ទ្វារក្រុង តែបណ្តាជន គេជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ ដូចជាអ្នកសំណប់របស់ព្រះបានទាយទុក ក្នុងកាលដែលស្តេចយាងចុះទៅឯលោកនោះ