២ ពង្សាវតារក្សត្រ 7:5-11 KHOV

5 ដូច្នេះ គេ​ក៏​ក្រោក​ឡើង​នៅ​ពេល​ព្រលប់​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​កាល​គេ​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព​ហើយ នោះ​មិន​ឃើញ​មាន​អ្នក​ណា​សោះ

6 ពី​ព្រោះ​ព្រះ‌អម្ចាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ទ័ព​ស៊ីរី​បាន​ឮ​សូរ​សន្ធឹក​រទេះ​ចំបាំង និង​សន្ធឹក​ពល​សេះ គឺ​ជា​សូរ​សព្ទ​នៃ​កង‌ទ័ព​យ៉ាង​ធំ​នៅ​ក្នុង​ទី​បោះ​ទ័ព​របស់​គេ ក៏​និយាយ​គ្នា​ថា មើល​ស្តេច​អ៊ីស្រា‌អែល​បាន​ជួល​ពួក​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​អេស៊ីព្ទ​ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ

7 ហេតុ​នោះ​គេ​ក៏​ក្រោក​ឡើង រត់​ទៅ​នៅ​ពេល​ព្រលប់​នោះ លះ​ចោល​ទាំង​ត្រសាល និង​សេះ ហើយ​លា​របស់​គេ ទុក​ទី​បោះ​ទ័ព​ឲ្យ​នៅ​ដូច​ដែល ក៏​រត់​យក​តែ​ជីវិត​ឲ្យ​រួច​ទៅ​ប៉ុណ្ណោះ

8 ដូច្នេះ កាល​ពួក​គំលង់​នោះ​បាន​ទៅ​ដល់​ជើង​ទី​បោះ​ទ័ព នោះ​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​មួយ នាំ​គ្នា​ស៊ី​ផឹក​ទៅ រួច​គេ​យក​មាស​ប្រាក់ សំពត់​អាវ ទៅ​លាក់​ទុក ក៏​ត្រឡប់​ទៅ​ចូល​ក្នុង​ត្រសាល​១​ទៀត យក​របស់​ពី​នោះ​ទៅ​លាក់​ទុក​ដែរ។

9 នោះ​គេ​និយាយ​គ្នា​ថា យើង​ប្រព្រឹត្ត​ដូច្នេះ​មិន​ល្អ​ទេ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ដំណឹង​ល្អ តែ​យើង​នៅ​ស្ងៀម​វិញ បើ​យើង​នៅ​ចាំ​រហូត​ដល់​ព្រឹក​ឡើង នោះ​មុខ​ជា​នឹង​មាន​ទោស​មក​ទាន់​ជា​មិន​ខាន ដូច្នេះ ចូរ​យើង​ទៅ​ប្រាប់​ដល់​ពួក​ដំណាក់​ស្តេច​ឥឡូវ​ចុះ

10 គេ​ក៏​ទៅ​ហៅ​អ្នក​ឆ្មាំ​ទ្វារ​ទី​ក្រុង​ប្រាប់​ថា ពួក​យើង​ខ្ញុំ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​ពួក​ស៊ីរី តែ​មើល គ្មាន​អ្នក​ណា​មួយ​សោះ ក៏​គ្មាន​ឮ​សំឡេង​មនុស្ស​ណា​ឡើយ មាន​តែ​សេះ និង​លា​ដែល​គេ​បាន​ចង​ទុក ហើយ​ទាំង​ត្រសាល​គេ​ក៏​នៅ​ដូច​ដែល

11 អ្នក​ឆ្មាំ​ទ្វារ​ក៏​ហៅ​ពួក​អ្នក​យាម ឲ្យ​គេ​បន្ត​ដំណឹង​នោះ​ដល់​ទៅ​ខាង​ក្នុង​ព្រះ‌រាជ‌វាំង