6 ពីព្រោះព្រះអម្ចាស់ ទ្រង់បានធ្វើឲ្យពួកទ័ពស៊ីរីបានឮសូរសន្ធឹករទេះចំបាំង និងសន្ធឹកពលសេះ គឺជាសូរសព្ទនៃកងទ័ពយ៉ាងធំនៅក្នុងទីបោះទ័ពរបស់គេ ក៏និយាយគ្នាថា មើលស្តេចអ៊ីស្រាអែលបានជួលពួកស្តេចនៃសាសន៍ហេត នឹងស្តេចអេស៊ីព្ទឲ្យមកច្បាំងនឹងយើងហើយ
7 ហេតុនោះគេក៏ក្រោកឡើង រត់ទៅនៅពេលព្រលប់នោះ លះចោលទាំងត្រសាល និងសេះ ហើយលារបស់គេ ទុកទីបោះទ័ពឲ្យនៅដូចដែល ក៏រត់យកតែជីវិតឲ្យរួចទៅប៉ុណ្ណោះ
8 ដូច្នេះ កាលពួកគំលង់នោះបានទៅដល់ជើងទីបោះទ័ព នោះក៏ចូលទៅក្នុងត្រសាលមួយ នាំគ្នាស៊ីផឹកទៅ រួចគេយកមាសប្រាក់ សំពត់អាវ ទៅលាក់ទុក ក៏ត្រឡប់ទៅចូលក្នុងត្រសាល១ទៀត យករបស់ពីនោះទៅលាក់ទុកដែរ។
9 នោះគេនិយាយគ្នាថា យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅស្ងៀមវិញ បើយើងនៅចាំរហូតដល់ព្រឹកឡើង នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវចុះ
10 គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែមើល គ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក ហើយទាំងត្រសាលគេក៏នៅដូចដែល
11 អ្នកឆ្មាំទ្វារក៏ហៅពួកអ្នកយាម ឲ្យគេបន្តដំណឹងនោះដល់ទៅខាងក្នុងព្រះរាជវាំង
12 ឯស្តេចទ្រង់តើនឡើងទាំងយប់ មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា យើងនឹងសំដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីក្រុងនេះទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុងបាន