9 នោះគេនិយាយគ្នាថា យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅស្ងៀមវិញ បើយើងនៅចាំរហូតដល់ព្រឹកឡើង នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវចុះ
10 គេក៏ទៅហៅអ្នកឆ្មាំទ្វារទីក្រុងប្រាប់ថា ពួកយើងខ្ញុំបានទៅដល់ទីបោះទ័ពរបស់ពួកស៊ីរី តែមើល គ្មានអ្នកណាមួយសោះ ក៏គ្មានឮសំឡេងមនុស្សណាឡើយ មានតែសេះ និងលាដែលគេបានចងទុក ហើយទាំងត្រសាលគេក៏នៅដូចដែល
11 អ្នកឆ្មាំទ្វារក៏ហៅពួកអ្នកយាម ឲ្យគេបន្តដំណឹងនោះដល់ទៅខាងក្នុងព្រះរាជវាំង
12 ឯស្តេចទ្រង់តើនឡើងទាំងយប់ មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា យើងនឹងសំដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីក្រុងនេះទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុងបាន
13 តែពួកជំនិតម្នាក់ទូលថា សូមឲ្យគេយកសេះ៥ដែលនៅសល់ ដែលបានទុកក្នុងទីក្រុង (មើល សេះទាំងនោះក៏ដូចជាសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងទីក្រុងនៅឡើយ គឺដូចជាពួកអ៊ីស្រាអែល ដែលកំពុងតែរោយរៀវទៅហើយនេះ) សូមចាត់គេទៅមើលចុះ
14 ដូច្នេះ គេក៏យករទេះចំបាំង២ទឹមដោយសេះ ហើយស្តេចទ្រង់ចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយព្រះបន្ទូលថា ចូរទៅមើលចុះ
15 អ្នកទាំងនោះក៏ទៅតាមរហូតដល់ទន្លេយ័រដាន់ ឃើញមានសុទ្ធតែអាវ និងភាជនៈផ្សេងៗ ដែលពួកស៊ីរីបានបោះចោលរាយរហូតតាមផ្លូវទៅ ដោយខំរត់ជាប្រញាប់ រួចពួកអ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកទូលទ្រង់វិញ។