២ ពង្សាវតារក្សត្រ 8:1-5 KHOV

1 នៅ​គ្រា​នោះ អេលី‌សេ​បាន​មាន​ប្រសាសន៍​ដល់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​រស់​ឡើង​វិញ​នោះ​ថា ចូរ​អ្នក និង​គ្រួ​របស់​អ្នក​ទាំង​ប៉ុន្មាន រៀប‌ចំ​ឡើង ចេញ​ទៅ​អាស្រ័យ​នៅ​ទី​ណា ដែល​អាច​នឹង​អាស្រ័យ​នៅ​បាន​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​មាន​គ្រា​អំណត់ អំណត់​នោះ​នឹង​មាន​នៅ​ក្នុង​ស្រុក​គ្រប់​៧​ឆ្នាំ

2 ដូច្នេះ ស្ត្រី​នោះ​ក៏​រៀប‌ចំ​ឡើង ធ្វើ​តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នាង​នាំ​យក​គ្រួ​របស់​នាង ទៅ​នៅ​ឯ​ស្រុក​ភីលីស្ទីន​អស់​៧​ឆ្នាំ

3 កាល​គ្រប់​៧​ឆ្នាំ​ហើយ នោះ​នាង​បាន​ត្រឡប់​ពី​ស្រុក​ភីលីស្ទីន​មក​វិញ ក៏​ទៅ​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង និង​ស្រែ​ចំការ​របស់​នាង​មក​វិញ

4 រីឯ​នៅ​គ្រា​នោះ ស្តេច​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​កេហាស៊ី ជា​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ​ថា ចូរ​ប្រាប់​យើង​ពី​ការ​យ៉ាង​ធំ​ទាំង​ពួង ដែល​អេលី‌សេ​បាន​ធ្វើ

5 កាល​គាត់​កំពុង​តែ​ថ្លែង​ទូល​ស្តេច​ពី​រឿង ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន ដែល​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​មើល ស្ត្រី​នោះ​ឯង​ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​នាង​រស់​ឡើង​វិញ ក៏​មក​ថ្លែង​ទុក្ខ​ដល់​ស្តេច ដើម្បី​ឲ្យ​បាន​ផ្ទះ‌សំបែង និង​ស្រែ​ចំការ​របស់​នាង​មក​វិញ កេហាស៊ី​ក៏​ទូល​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ គឺ​ស្ត្រី​នេះ​ឯង ហើយ​នេះ​គឺ​កូន​នាង ដែល​អេលី‌សេ​បាន​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នោះ