២ ពង្សាវតារក្សត្រ 8:12-18 KHOV

12 នោះ​ហាសែល​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ លោក​ឆ្លើយ​ថា ពី​ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ទី​មាំ‌មួន​របស់​គេ នោះ​អ្នក​នឹង​ដុត​ចោល ពួក​កំឡោះៗ​របស់​គេ អ្នក​នឹង​សំឡាប់​ដោយ​ដាវ អស់​ទាំង​កូន​តូចៗ​របស់​គេ អ្នក​នឹង​បោក​សំឡាប់​ចោល ហើយ​ពួក​ស្រីៗ​មាន​ទំងន់ នោះ​អ្នក​នឹង​វះ​ពោះ​គេ

13 នោះ​ហាសែល​ឆ្លើយ​តប​ថា ខ្ញុំ​ប្របាទ ដែល​ទុក​ដូច​ជា​ឆ្កែ តើ​ជា​អ្វី​ដែល​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​បាន តែ​អេលី‌សេ​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី

14 លោក​ក៏​ចេញ​ពី​អេលី‌សេ ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​វិញ ដល់​ហើយ​ទ្រង់​សួរ​ថា តើ​អេលី‌សេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច រួច​លោក​ទូល​ទ្រង់​ថា លោក​បាន​ប្រាប់​ទូល‌បង្គំ​ថា ទ្រង់​នឹង​បាន​ជាៗ​ពិត

15 ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះ‌ភក្ត្រ​នៃ​ស្តេច ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់។

16 នៅ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រា‌អែល កំពុង​ដែល​យ៉ូសា‌ផាត​សោយ‌រាជ្យ​លើ​ស្រុក​យូដា នោះ​យ៉ូរ៉ាម ជា​បុត្រ​យ៉ូសា‌ផាត ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

17 កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ

18 ទ្រង់​បាន​ដើរ​តាម​ផ្លូវ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល ដូច​ជា​ជំនួរ​វង្ស​អ័ហាប់ដែរ ពី​ព្រោះ​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់ ធ្វើ​ជា​ភរិយា ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា