13 នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី
14 លោកក៏ចេញពីអេលីសេ ត្រឡប់ទៅឯចៅហ្វាយវិញ ដល់ហើយទ្រង់សួរថា តើអេលីសេបានប្រាប់អ្នកយ៉ាងដូចម្តេច រួចលោកទូលទ្រង់ថា លោកបានប្រាប់ទូលបង្គំថា ទ្រង់នឹងបានជាៗពិត
15 ដល់ថ្ងៃស្អែកឡើង ហាសែលបានយកផួយមួយជ្រលក់ទឹក ទៅខ្ទប់ព្រះភក្ត្រនៃស្តេច ឲ្យទ្រង់សុគតទៅ រួចហាសែលបានសោយរាជ្យឡើងជំនួសទ្រង់។
16 នៅឆ្នាំទី៥ ក្នុងរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់ ស្តេចស្រុកអ៊ីស្រាអែល កំពុងដែលយ៉ូសាផាតសោយរាជ្យលើស្រុកយូដា នោះយ៉ូរ៉ាម ជាបុត្រយ៉ូសាផាត ក៏ចាប់តាំងសោយរាជ្យឡើង
17 កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៣២ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៨ឆ្នាំ
18 ទ្រង់បានដើរតាមផ្លូវនៃពួកស្តេចអ៊ីស្រាអែល ដូចជាជំនួរវង្សអ័ហាប់ដែរ ពីព្រោះទ្រង់បានយកបុត្រីរបស់អ័ហាប់ ធ្វើជាភរិយា ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
19 ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មិនសព្វព្រះហឫទ័យ នឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌ ជាអ្នកបំរើទ្រង់ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀង១ភ្លឺ សំរាប់ពួកជំនួរវង្សរបស់ទ្រង់តទៅ។