4 រីឯនៅគ្រានោះ ស្តេចទ្រង់កំពុងតែមានព្រះបន្ទូលនឹងកេហាស៊ី ជាអ្នកបំរើនៃអ្នកសំណប់របស់ព្រះថា ចូរប្រាប់យើងពីការយ៉ាងធំទាំងពួង ដែលអេលីសេបានធ្វើ
5 កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូន ដែលស្លាប់បានរស់ឡើងវិញ នោះមើល ស្ត្រីនោះឯងដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញ ក៏មកថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចំការរបស់នាងមកវិញ កេហាស៊ីក៏ទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះឯង ហើយនេះគឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ
6 កាលស្តេចបានសួរដល់ស្ត្រីនោះ នាងក៏ទូលបញ្ជាក់ដល់ទ្រង់ ដូច្នេះ ស្តេចទ្រង់ដំរូវពួករាជការម្នាក់សំរាប់ជួយនាង ដោយបង្គាប់ថា ចូរប្រគល់របស់ទ្រព្យទាំងប៉ុន្មានរបស់នាងទៅនាងវិញ ព្រមទាំងផលដែលកើតពីស្រែចំការរបស់នាង ចាប់តាំងពីថ្ងៃដែលនាងចេញពីស្រុក ដរាបដល់សព្វថ្ងៃនេះផង។
7 ឯអេលីសេ លោកបានទៅឯក្រុងដាម៉ាស នៅគ្រានោះបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រឈួន មានគេទូលទ្រង់ថា មើល អ្នកសំណប់របស់ព្រះបានមកទីនេះហើយ
8 ដូច្នេះ ស្តេចទ្រង់បង្គាប់ដល់ហាសែលថា សូមនាំយកជំនូននៅដៃ ចេញទៅជួបនឹងអ្នកសំណប់របស់ព្រះ ហើយសួរដល់ព្រះយេហូវ៉ា ដោយសារលោកថា តើយើងនឹងបានជាពីជំងឺនេះឬទេ
9 ដូច្នេះ ហាសែលក៏យកជំនូនជារបស់ប្រសើរនៅក្រុងដាម៉ាសគ្រប់មុខ ល្មមផ្ទុកលើសត្វអូដ្ឋ៤០ចេញទៅ ដើម្បីជួបនឹងលោក ក៏ទៅឈរនៅមុខលោកជំរាបថា បេន-ហាដាឌ់ ជាកូនលោក ដែលជាស្តេចស្រុកស៊ីរី ទ្រង់បានចាត់ឲ្យខ្ញុំមកសួរលោកថា តើទ្រង់នឹងបានជាពីជំងឺនោះឬទេ
10 អេលីសេក៏តបថា ចូរទៅទូលទ្រង់វិញថា នឹងបានជាៗពិត ប៉ុន្តែព្រះយេហូវ៉ាបានសំដែងឲ្យខ្ញុំដឹងជាក់ថា ទ្រង់ត្រូវស្លាប់ជាប្រាកដវិញ