២ ពង្សាវតារក្សត្រ 9:20-26 KHOV

20 ដូច្នេះ អ្នក​ចាំ​យាម​ប្រាប់​ថា អ្នក​នោះ​បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ ឯ​ភាព​ដែល​បរ​រថ នោះ​មើល​ទៅ​ដូច​ជា​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន​អាក្រក់​ណាស់។

21 នោះ​យ៉ូរ៉ាម​បង្គាប់​ថា ចូរ​រៀប‌ចំ​ឡើង គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រា‌អែល និង​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​១​រៀង​អង្គ ចេញ​ទៅ​ជួប​នឹង​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល

22 កាល​យ៉ូរ៉ាម​ទ្រង់​ឃើញ​យេហ៊ូវ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ លោក​ឆ្លើយ​តប​ថា កំពុង​ដែល​មាន​សេចក្តី​កំផិត និង​មន្ត‌អាគម​របស់​យេសិ‌បិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម៉្លេះ នោះ​តើ​នឹង​មាន​សេចក្តី​មេត្រី​ឯ​ណា​បាន

23 ដូច្នេះ យ៉ូរ៉ាម​ក៏​ញាក់​បង្ហៀរ​រត់​ទៅ ដោយ​ព្រះ‌បន្ទូល​នឹង​អ័ហា‌ស៊ីយ៉ា​ថា អ័ហា‌ស៊ីយ៉ា​អើយ នេះ​ជា​ការ​ក្បត់​ទេ

24 យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កំឡាំង បាញ់​ទៅ​ត្រូវ​ទី​កណ្តាល​ខ្នង​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះ‌ដូង​ទ្រង់ ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ នៅ​ក្នុង​ព្រះ‌រាជ‌រថ

25 នោះ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​តំបន់ របស់​ចំការ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​ឲ្យ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ និង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​អ័ហាប់​ជា​បិតា​វា នោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្តី​នេះ​ចំ​លើ​រូប​វា​ថា

26 ប្រាកដ​មែន ម្សិល‌មិញ អញ​បាន​ឃើញ​ឈាម​របស់​ណាបោត និង​ឈាម​របស់​កូន​ប្រុស​វា ដូច្នេះ អញ​នឹង​សង​ឯង​នៅ​ក្នុង​ចំការ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ​ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​ចំការ​នេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។