២ ពង្សាវតារក្សត្រ 9:26-32 KHOV

26 ប្រាកដ​មែន ម្សិល‌មិញ អញ​បាន​ឃើញ​ឈាម​របស់​ណាបោត និង​ឈាម​របស់​កូន​ប្រុស​វា ដូច្នេះ អញ​នឹង​សង​ឯង​នៅ​ក្នុង​ចំការ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ​ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​ចំការ​នេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

27 កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ

28 ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក‌នាំ​សព​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម បញ្ចុះ​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ក្រុង​ដាវីឌ​ទៅ។

29 ឯ​អ័ហា‌ស៊ីយ៉ា​បាន​ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​យូដា ក្នុង​ឆ្នាំ​ទី​១១ នៃ​រាជ្យ​យ៉ូរ៉ាម​ជា​បុត្រ​អ័ហាប់។

30 កាល​យេហ៊ូវ​បាន​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក

31 កាល​យេហ៊ូវ​កំពុង​តែ​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា តើ​មាន​សេចក្តី​សុខ​ឬ​អី ស៊ីមរី​ជា​អ្នក​សំឡាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ

32 នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក