២ ពង្សាវតារក្សត្រ 9:27-33 KHOV

27 កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ

28 ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក‌នាំ​សព​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម បញ្ចុះ​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ក្រុង​ដាវីឌ​ទៅ។

29 ឯ​អ័ហា‌ស៊ីយ៉ា​បាន​ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​យូដា ក្នុង​ឆ្នាំ​ទី​១១ នៃ​រាជ្យ​យ៉ូរ៉ាម​ជា​បុត្រ​អ័ហាប់។

30 កាល​យេហ៊ូវ​បាន​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក

31 កាល​យេហ៊ូវ​កំពុង​តែ​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា តើ​មាន​សេចក្តី​សុខ​ឬ​អី ស៊ីមរី​ជា​អ្នក​សំឡាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ

32 នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក

33 ដូច្នេះ លោក​បង្គាប់​គេ​ថា ចូរ​បោះ​វា​ចុះ​មក នោះ​គេ​ក៏​បោះ​ទំលាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ខ្លះ​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី