២ ពង្សាវតារក្សត្រ 9:32-37 KHOV

32 នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក

33 ដូច្នេះ លោក​បង្គាប់​គេ​ថា ចូរ​បោះ​វា​ចុះ​មក នោះ​គេ​ក៏​បោះ​ទំលាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ខ្លះ​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី

34 កាល​លោក​បាន​ចូល​ទៅ​បរិភោគ​ភោជ‌នាហារ​រួច​ហើយ នោះ​ក៏​បង្គាប់​ថា ចូរ​ទៅ​មើល​ស្ត្រី​ដែល​ត្រូវ​បណ្តាសា​នោះ ហើយ​កប់​វា​ទៅ ដ្បិត​វា​ជា​បុត្រ​ស្តេច​ដែរ

35 គេ​ក៏​ទៅ​ដើម្បី​នឹង​កប់​សព តែ​រក​បាន​តែ​លលាដ៏​ក្បាល ប្រអប់​ជើង និង​បាត​ដៃ​ប៉ុណ្ណោះ

36 ដូច្នេះ គេ​ត្រឡប់​មក​វិញ ជំរាប​ដល់​លោក ហើយ​លោក​មាន​ប្រសាសន៍​ថា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ជា​អ្នក​បំរើ​ទ្រង់​ថា ឆ្កែ​នឹង​ទំពា​ស៊ី​សាច់​យេសិ‌បិល នៅ​តំបន់​យេស‌រាល

37 ហើយ​សព​របស់​យេសិ‌បិល​នឹង​បាន​ជា​លាមក នៅ​លើ​ដី ក្នុង​ទី​តំបន់​នៃ​ស្រុក​យេស‌រាល បាន​ជា​មិន​ដែល​មាន​អ្នក​ណា​ថា នេះ​ជា​សព​យេសិ‌បិល​នោះ​ឡើយ។