កូឡូស 1:1-6 KHOV

1 សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​ព្រះ‌ហឫ‌ទ័យ​ព្រះ

2 និង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ខ្ញុំ ផ្ញើ​មក​ពួក​បរិសុទ្ធ ជា​ពួក​បង​ប្អូន​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូឡូស សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា។

3 យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច

4 ដោយ​បាន​ឮ​ដំណាល​ពី​សេចក្តី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់

5 គឺ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​សេចក្តី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ស្ថាន‌សួគ៌ ជា​សេចក្តី​សង្ឃឹម ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ក្នុង​ព្រះ‌បន្ទូល​ដ៏​ពិត​នៃ​ដំណឹង​ល្អ

6 ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ៍​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ​ជា​ប្រាកដ