កូឡូស 1:18-24 KHOV

18 ទ្រង់​ជា​សិរសា​របស់​រូប‌កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់

19 ដ្បិត​ព្រះ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់

20 ហើយ​ឲ្យ​បាន​ផ្សះ‌ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​បើ​របស់​នៅ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី​ក្តី ទាំង​តាំង​ស្ពាន​មេត្រី ដោយ‌សារ​ព្រះ‌លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់

21 រីឯ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​ត្រូវ​ពង្រាត់​ចេញ ហើយ​ជា​ខ្មាំង​សត្រូវ​ក្នុង​គំនិត ដោយ​អំពើ​អាក្រក់​នោះ

22 ឥឡូវ​នេះ​វិញ ទ្រង់​បាន​ផ្សះ‌ផ្សា​ក្នុង​រូប​សាច់​ទ្រង់ ដោយ​បាន​ទទួល​សុគត ដើម្បី​នឹង​ថ្វាយ​អ្នក​រាល់​គ្នា​ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់

23 នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់‌លាប់ ហើយ​មាំ‌មួន ក្នុង​សេចក្តី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ។

24 ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​អំណរ​ក្នុង​ការ​រង​ទុក្ខ​លំបាក ដែល​ខ្ញុំ​ទ្រាំ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា ហើយ​សេចក្តី​វេទនា​ណា​របស់​ព្រះ‌គ្រីស្ទ ដែល​ខ្វះ​ក្នុង​រូប​សាច់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​បំពេញ​ឡើង ដោយ​ព្រោះ​រូប‌កាយ​ទ្រង់ គឺ​ជា​ពួក​ជំនុំ