កូឡូស 3:11-17 KHOV

11 ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក និង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។

12 ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់‌ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ

13 ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ

14 ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍

15 ចូរ​ឲ្យ​សេចក្តី​មេត្រី​របស់​ព្រះ‌គ្រីស្ទ​ត្រួត​ត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប‌កាយ​តែ​១ ហើយ​ត្រូវ​ដឹង​គុណ​ផង។

16 ចូរ​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌គ្រីស្ទ បាន​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង ទាំង​បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ និង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង​ក្នុង​ចិត្ត​ថ្វាយ​ព្រះ ដោយ​ព្រះ‌គុណ

17 ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដោយ‌សារ​ទ្រង់​ផង។