កូឡូស 4:12-18 KHOV

12 អ្នក​អេប៉ា‌ប្រាស ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​គ្រប់​ជំពូក

13 ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់

14 លោក​លូកា ជា​គ្រូ‌ពេទ្យ​ស្ងួនភ្ងា និង​អ្នក​ដេម៉ាស ក៏​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

15 សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ និង​អ្នក​នីម‌ផាស ហើយ​ពួក​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់

16 កាល​ណា​បាន​អាន​មើល​សំបុត្រ​នេះ ក្នុង​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ហើយ នោះ​ចូរ​ឲ្យ​គេ​អាន​មើល​ក្នុង​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ​ដែរ រួច​ឲ្យ​អ្នក​រាល់​គ្នា​មើល​សំបុត្រ ដែល​ផ្ញើ​ទៅ​ពួក​ឡៅឌីសេ​ផង

17 សូម​ប្រាប់​ដល់​អ្នក​អើឃីព​ថា ចូរ​ប្រយ័ត្ន​នឹង​ការ‌ងារ ដែល​បាន​ទទួល​ក្នុង​ព្រះ‌អម្ចាស់​ហើយ​ចុះ ដើម្បី​ឲ្យ​បាន​បំពេញ​ការ‌ងារ​នោះ។

18 ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚