កូឡូស 4:7-13 KHOV

7 អ្នក​ទីឃី‌កុស ជា​បង​ប្អូន​ស្ងួនភ្ងា គឺ​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ‌ត្រង់ ហើយ​ជា​បាវ​បំរើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អស់​ទាំង​រឿង​របស់​ខ្ញុំ

8 ខ្ញុំ​បាន​ចាត់​គាត់​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​ការ​នោះ​ឯង គឺ​ឲ្យ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ផង

9 ក៏​ចាត់​អ្នក​អូនេស៊ីម ជា​បង​ប្អូន​ស្ងួនភ្ងា ហើយ​ស្មោះ‌ត្រង់ ដែល​មក​ពី​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​២​នេះ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ ដែល​នៅ​ខាង​នាយ​នោះ។

10 អ្នក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ហើយ​ម៉ាកុស ជា​ក្មួយ​បាណា‌បាស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ

11 ឯ​អ្នក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​នោះ​ជា​ពួក​កាត់​ស្បែក ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ខាង​ឯ​នគរ​ព្រះ មាន​តែ​ប៉ុណ្ណឹង​ទេ ដែល​កំសាន្ត​ចិត្ត​ខ្ញុំ

12 អ្នក​អេប៉ា‌ប្រាស ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​គ្រប់​ជំពូក

13 ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់