ម៉ាកុស 1:13-19 KHOV

13 ទ្រង់​ក៏​គង់​នៅ​ទី​នោះ​៤០​ថ្ងៃ ជា​មួយ​នឹង​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​អារក្ស‌សាតាំង​ល្បួង រួច​មាន​ពួក​ទេវតា​មក​គាល់​បំរើ​ទ្រង់។

14 គ្រា​ក្រោយ​ដែល​គេ​បញ្ជូន​យ៉ូហាន​ទៅ​ផុត​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ថា

15 ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។

16 កាល​ព្រះ‌យេស៊ូវ​កំពុង​តែ​យាង​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ទ្រង់​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​ទំលាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី

17 ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ

18 គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ

19 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​បន្តិច ក៏​ទត​ឃើញ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន នៅ​ក្នុង​ទូក កំពុង​តែ​ជួស‌ជុល​អួន