ម៉ាកុស 1:15-21 KHOV

15 ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។

16 កាល​ព្រះ‌យេស៊ូវ​កំពុង​តែ​យាង​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ទ្រង់​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​ទំលាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី

17 ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ

18 គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ

19 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​បន្តិច ក៏​ទត​ឃើញ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន នៅ​ក្នុង​ទូក កំពុង​តែ​ជួស‌ជុល​អួន

20 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គេ​មក​ភ្លាម គេ​ក៏​លះ​ចោល​សេបេដេ ជា​ឪពុក នៅ​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​ជើង​ឈ្នួល រួច​ដើរ​តាម​ទ្រង់​ទៅ។

21 នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក