21 ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់ ហើយមានព្រះបន្ទូលថា អ្នកនៅខ្វះកិច្ច១ទៀត គឺត្រូវទៅលក់របស់ទ្រព្យអ្នកទាំងប៉ុន្មាន ចែកទានឲ្យដល់ពួកអ្នកក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិនៅលើស្ថានសួគ៌វិញ រួចឲ្យផ្ទុកឈើឆ្កាងមកតាមខ្ញុំចុះ
22 តែគាត់មានចិត្តព្រួយណាស់ ដោយឮពាក្យនោះ ក៏ចេញទៅទាំងក្តីទុក្ខ ព្រោះគាត់មានសម្បត្តិច្រើនណាស់។
23 ព្រះយេស៊ូវទ្រង់ងាកទតជុំវិញ ហើយមានព្រះបន្ទូលទៅពួកសិស្សថា ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះ នោះពិបាកណាស់
24 ឯពួកសិស្ស ក៏នឹកស្ងើចនឹងព្រះបន្ទូលទ្រង់ តែទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា កូនអើយ ពួកអ្នកដែលជាប់ចិត្តនឹងទ្រព្យសម្បត្តិ នោះនឹងចូលទៅក្នុងនគរព្រះដោយពិបាកណាស់
25 បើសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងមនុស្សអ្នកមានចូលទៅក្នុងនគរព្រះវិញ
26 គេក៏មានសេចក្តីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ
27 ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន