45 ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។
46 ខណៈនោះ ក៏មកដល់ក្រុងយេរីខូរ ហើយកំពុងដែលទ្រង់យាងចេញពីនោះទៅ ព្រមទាំងពួកសិស្ស និងហ្វូងមនុស្សជាធំផង នោះមានមនុស្សខ្វាក់ឈ្មោះបារទីមេ ជាកូនទីមេ កំពុងអង្គុយសូមទាននៅមាត់ផ្លូវ
47 កាលគាត់បានឮថា ជាព្រះយេស៊ូវ ពីណាសារ៉ែត នោះក៏តាំងស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង
48 មានមនុស្សជាច្រើនកំហែងឲ្យគាត់នៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា ឱព្រះអង្គ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង
49 នោះព្រះយេស៊ូវទ្រង់ឈប់ ហើយប្រាប់ឲ្យគេហៅគាត់មក គេក៏ហៅមក ដោយប្រាប់ថា ចូរសង្ឃឹមចុះ ហើយក្រោកឡើង លោកហៅឯង
50 គាត់បោះអាវធំចោល រួចស្ទុះក្រោកឡើង ទៅឯព្រះយេស៊ូវ
51 ទ្រង់មានព្រះបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង