ម៉ាកុស 12:28-34 KHOV

28 នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់

29 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់

30 ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១

31 ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ

32 អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ

33 ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត

34 កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។