ម៉ាកុស 12:30-36 KHOV

30 ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១

31 ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ

32 អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ

33 ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត

34 កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។

35 កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ

36 ដ្បិត​ហ្លួង​ដាវីឌ​មាន​ព្រះ‌បន្ទូល​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា «ព្រះ‌អម្ចាស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង»