13 មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត។
14 កាលណាអ្នករាល់គ្នាឃើញសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ ឈរនៅកន្លែងដែលមិនគួរឲ្យឈរ (អ្នកណាដែលមើលឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកនៅស្រុកយូដារត់ទៅឯភ្នំទៅ
15 កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះ ចុះមកក្នុងផ្ទះ ឬចូលទៅយកអ្វីចេញពីផ្ទះ
16 ក៏កុំឲ្យអ្នកដែលនៅស្រែចំការត្រឡប់មកវិញ និងយកសំលៀកបំពាក់ខ្លួនឡើយ
17 នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់
18 ត្រូវឲ្យអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងាឡើយ
19 ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីកំណើតលោកីយ៍ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង