ម៉ាកុស 15:32-38 KHOV

32 ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។

33 ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល

34 លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ‌ឧទាន​ជា​ខ្លាំង​ថា អេឡយៗ ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូល‌បង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូល‌បង្គំ

35 អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល​វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ

36 រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។

37 រួច​ព្រះ‌យេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ

38 គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម