ម៉ាកុស 16:1-7 KHOV

1 កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប និង​សាឡូ‌មេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះ‌សព​ទ្រង់

2 ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យនោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ

3 ព្រម​ទាំង​និយាយ​គ្នា​បណ្តើរ​ថា តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង

4 តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់)

5 លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្តី​ភាំង​ស្លុត

6 តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះ‌សព​ទ្រង់

7 ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក