4 តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់)
5 លុះកាលបានចូលទៅក្នុងផ្នូរ ក៏ឃើញកំឡោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្ត្រីទាំងនោះមានសេចក្តីភាំងស្លុត
6 តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់
7 ចូរអ្នករាល់គ្នាទៅប្រាប់ពួកសិស្សទ្រង់ ព្រមទាំងពេត្រុសផងថា ទ្រង់យាងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងឃើញទ្រង់នៅស្រុកនោះ ដូចជាទ្រង់បានប្រាប់ទុក
8 នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅ ដោយកើតមានសេចក្តីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។
9 រីឯកាលទ្រង់មានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមថ្ងៃទី១ ក្នុងអាទិត្យនោះឯង នោះទ្រង់ក៏លេចមកមុនដំបូង ឲ្យម៉ារា ជាអ្នកស្រុកម៉ាក់ដាឡាឃើញ គឺជាស្ត្រីដែលទ្រង់បានបណ្តេញអារក្ស៧ឲ្យចេញនោះ
10 នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក