ម៉ាកុស 2:12-18 KHOV

12 គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ។

13 ទ្រង់​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត ឯ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បង្រៀន​គេ

14 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់

15 កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​នៅ​តុ​ក្នុង​ផ្ទះ​គាត់ នោះ​មាន​មនុស្ស​យក​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ពួក​សិស្ស ដ្បិត​មាន​គ្នា​ច្រើន​ណាស់ ដែល​តាម​ទ្រង់​មក

16 ឯ​ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី កាល​គេ​ឃើញ​ទ្រង់​សោយ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ដូច្នេះ ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​បរិភោគ​ជា​មួយ​នឹង​ពួក​អ្នក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ

17 លុះ​ព្រះ‌យេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង។

18 រីឯ​ពួក​សិស្ស​យ៉ូហាន និង​ពួក​ផារី‌ស៊ី គេ​កំពុង​តែ​តម ក៏​មក​ទូល​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​យ៉ូហាន និង​សិស្ស​ពួក​ផារី‌ស៊ី​គេ​តម តែ​ពួក​សិស្ស​របស់​លោក​មិន​តម​សោះ