ម៉ាកុស 2:8-14 KHOV

8 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​វិញ្ញាណ​ទ្រង់​ជា​១​រំពេច​ថា គេ​រិះ‌គិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នោះ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ

9 ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង

10 ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន (នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ទៅ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា)

11 អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ

12 គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ពាក្យ​ថា យើង​មិន​ដែល​ឃើញ​យ៉ាង​ដូច្នេះ​ឡើយ។

13 ទ្រង់​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​ម្តង​ទៀត ឯ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បង្រៀន​គេ

14 លុះ​ទ្រង់​យាង​ហួស​ពី​នោះ​ទៅ ក៏​ទត​ឃើញ​លេវី ជា​កូន​អាល់‌ផាយ អង្គុយ​នៅ​ត្រង់​កន្លែង​យក​ពន្ធ រួច​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់