ម៉ាកុស 6:10-16 KHOV

10 រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ

11 ឯ​អស់​អ្នក​ណា​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ

12 កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង

13 ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។

14 ដំណឹង​នោះ​ក៏​ឮ​ដល់​ស្តេច​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​ទ្រង់​កាន់​តែ​ល្បី​សុស‌សាយ​ទៅ ហើយ​ស្តេច​មាន​ព្រះ‌បន្ទូល​ថា​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​សំដែង​មក ដោយ‌សារ​គាត់​ដូច្នេះ

15 តែ​អ្នក​ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា ឬ​ដូច​ជា​ហោរា​ណា​មួយ

16 ប៉ុន្តែ កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​យ៉ូហាន​ដែល​យើង​បាន​កាត់​ក្បាល​ទេ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ