11 ឯអស់អ្នកណាដែលមិនទទួល ឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ
12 កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង
13 ក៏បណ្តេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ។
14 ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានព្រះបន្ទូលថាច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ
15 តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ
16 ប៉ុន្តែ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានព្រះបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ
17 ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ