11 តែអ្នករាល់គ្នាថា បើមនុស្សណានិយាយទៅឪពុកម្តាយខ្លួនថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះជា «គ័របាន់» គឺស្រាយថាជាដង្វាយថ្វាយព្រះហើយ
12 នោះអ្នករាល់គ្នាមិនបើកឲ្យអ្នកនោះជួយដល់ឪពុកម្តាយ ក្នុងការអ្វីទៀតសោះ
13 ក៏លើកព្រះបន្ទូលចោល ដោយសារសណ្តាប់ធ្នាប់ ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយក៏ធ្វើរបៀបយ៉ាងនោះជាច្រើនទៅទៀតដែរ
14 រួចទ្រង់ហៅហ្វូងមនុស្សទាំងអស់មកមានព្រះបន្ទូលទៅគេថា ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំសិន ហើយឲ្យយល់ចុះ
15 គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ
16 បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
17 កាលទ្រង់បានថយពីហ្វូងមនុស្ស យាងចូលទៅក្នុងផ្ទះវិញ នោះពួកសិស្សទូលសួរទ្រង់ពីពាក្យប្រៀបប្រដូចនោះ