2 កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស
3 ដ្បិតពួកផារីស៊ី និងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ
4 ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្តីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម
5 ដូច្នេះ ពួកផារីស៊ី និងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ
6 តែទ្រង់ឆ្លើយតបថា ពួកអ្នកមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្តីចែងទុកមកថា «ជនជាតិនេះ គេគោរពប្រតិបត្តិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់
7 ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្តីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ»
8 ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត