12 ទ្រង់មានព្រះបន្ទូលឆ្លើយថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែ ធ្វើដូចម្តេចបានជាមានសេចក្តីចែងទុកពីកូនមនុស្សថា លោកត្រូវរងទុក្ខជាច្រើន ព្រមទាំងត្រូវគេមើលងាយផង
13 ចំណែកលោកអេលីយ៉ា នោះខ្ញុំប្រាប់អ្នករាល់គ្នាថា លោកបានមកហើយ គេក៏បានប្រព្រឹត្តនឹងលោកតាមតែអំពើចិត្ត ដូចជាមានសេចក្តីចែងទុកពីលោកស្រាប់។
14 លុះបានមកដល់ពួកសិស្សហើយ នោះទ្រង់ឃើញមានហ្វូងមនុស្សជាធំនៅព័ទ្ធគេជុំវិញ ក៏មានពួកអាចារ្យខ្លះ កំពុងតែដេញដោល
15 កាលហ្វូងមនុស្សឃើញទ្រង់ ស្រាប់តែកើតមានសេចក្តីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព
16 ទ្រង់មានព្រះបន្ទូលសួរពួកអាចារ្យថា តើអ្នករាល់គ្នាជជែកពីរឿងអ្វីនឹងអ្នកទាំងនេះ
17 នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល
18 នៅកន្លែងណាដែលអារក្សជាន់វាម្តងៗ នោះក៏ធ្វើឲ្យវាប្រកាច់ជាខ្លាំង វាបែកពពុះមាត់ ព្រមទាំងសង្កៀតធ្មេញ ហើយចេះតែហេវទៅៗ ខ្ញុំបានសូមពួកសិស្សលោក ឲ្យដេញអារក្សនោះដែរ តែគេពុំអាចដេញចេញបានទេ