22 ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែ បើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង
23 ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា បើអាចនឹងជឿបាន នោះការទាំងអស់នឹងសំរេចបាន ដល់អ្នកណាដែលជឿ
24 ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង
25 កាលព្រះយេស៊ូវឃើញមនុស្សសន្ធឹកកំពុងតែរត់មក នោះទ្រង់កំហែងទៅអារក្សអសោចថា នែ អារក្សគថ្លង់អើយ អញបង្គាប់ឲ្យឯងចេញពីវាទៅ កុំឲ្យចូលវាទៀតឡើយ
26 វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ
27 ប៉ុន្តែ ព្រះយេស៊ូវទ្រង់ចាប់ដៃលើកវាឡើង ហើយវាក៏ក្រោកឈរ។
28 លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនេះពុំបាន