អេភេសូ 3 KHOV

ភារកិច្ច​របស់​ប៉ុល​ក្នុង​ការ​នាំ​ជន‌ជាតិ​ដទៃ​ឲ្យ​ស្គាល់​ព្រះ

1 ហេតុ​នោះ​បាន​ជា​ប៉ុល​ខ្ញុំ ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ជាប់​គុក​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ជា​ពួក​សាសន៍​ដទៃ

2 គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​ការ​ត្រួត​ត្រា​របស់​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា​ថា

3 ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​អាថ៌‌កំបាំង ដោយ​ការ​បើក​សំដែង ដូច​ជា​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​ពី​កាល​មុន​ដែរ

4 កាល​ណា​អ្នក​រាល់​គ្នា​មើល​សំបុត្រ​នោះ នោះ​នឹង​អាច​នឹង​យល់​ពី​ចំណេះ​ខ្ញុំ ខាង​ឯ​ការ​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ​បាន

5 ជា​ការ​អាថ៌‌កំបាំង​ដែល​កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​ដូច​ជា​បាន​សំដែង​មក​ឲ្យ​ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​ស្គាល់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ទេ

6 គឺ​ដែល​ពួក​សាសន៍​ដទៃ បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក​ជា​មួយ​គ្នា និង​ជា​រូប‌កាយ​ជា​មួយ​គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្តី​សន្យា​របស់​ទ្រង់ ជា​មួយ​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ ដោយ‌សារ​ដំណឹង​ល្អ

7 ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​បំរើ​ដំណឹង​ល្អ​នោះ តាម​ព្រះ‌គុណ​នៃ​ព្រះ ជា​អំណោយ​ទាន​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​ធ្វើ

8 ទ្រង់​បាន​ប្រទាន​ព្រះ‌គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ‌គ្រីស្ទដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ

9 ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្តី​ប្រកប​ក្នុង​ការ​អាថ៌‌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ

10 ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយ‌សារ​ពួក​ជំនុំ

11 តាម​គំនិត​សំរេច​តាំង​ពី​អស់​កល្ប​រៀង​មក ដែល​ទ្រង់​បាន​គិត​ស្រេច​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង

12 ហើយ​ក្នុង​ទ្រង់ យើង​រាល់​គ្នា​ក៏​មាន​សេចក្តី​ក្លាហាន និង​ច្បាប់​ចូល​ដោយ​ទុក​ចិត្ត ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ទ្រង់​ដែរ

13 ហេតុ​នោះ​បាន​ជា​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា កុំ​ឲ្យ​រសាយ​ចិត្ត​ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ជា​ការ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​នោះ​ជា​សិរី‌ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។

ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ

14 ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

15 ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក

16 ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃលែង

17 ឲ្យ​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្តី​ស្រឡាញ់

18 ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ និង​កំពស់​នៃ​សេចក្តី​ស្រឡាញ់​នោះ

19 ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរ‌ពេញ​របស់​ផង​ព្រះ។

20 ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា

21 នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ជំពូក

1 2 3 4 5 6