1 ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា
2 ហើយដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។
3 ឯសេចក្តីកំផិត សេចក្តីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ
4 ព្រមទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត និងពាក្យកំប្លែង ដែលសេចក្តីទាំងនោះមិនគួរគប្បីដែរ ស៊ូពោលតែពាក្យសំរាប់អរព្រះគុណវិញ
5 ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
6 កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនោះ បានជាសេចក្តីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស
7 ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ
8 ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ
9 ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត
10 ចូរលមើលឲ្យដឹងសេចក្តីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ
11 កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ស៊ូបន្ទោសវិញ
12 ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ
13 តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់
14 ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»
15 ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ
16 ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់
17 ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ
18 កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ
19 ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត
20 ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ។
21 ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្តីកោតខ្លាចដល់ព្រះគ្រីស្ទ។
22 ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ
23 ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង
24 ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
25 បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង
26 ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសំអាតនឹងទឹក គឺជាព្រះបន្ទូល
27 ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ
28 ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ
29 ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ
30 ដ្បិតយើងរាល់គ្នាជាអវយវៈរបស់រូបអង្គ និងសាច់ឆ្អឹងទ្រង់
31 ដោយហេតុនោះបានជាមនុស្សប្រុស និងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ
32 សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនឹងពួកជំនុំវិញ
33 ប៉ុន្តែ ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ។