6 កុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត
7 ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ
8 ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។
9 ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តនឹងបាវបំរើដូច្នោះដែរ ទាំងលែងគំហកកំហែងទៅ ដោយដឹងថា ចៅហ្វាយរបស់គេ ហើយរបស់អ្នករាល់គ្នាផង នោះទ្រង់គង់នៅស្ថានសួគ៌ ហើយទ្រង់មិនចេះរើសមុខអ្នកណាឡើយ។
10 ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់
11 ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស
12 ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ