២ ថែស្សាឡូនីច 1 KHOV

សេចក្តី​ផ្តើម

1 សំបុត្រ​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ នៅ​ក្រុង​ថែស្សា‌ឡូ‌នីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ

2 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

3 បង​ប្អូន​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ដូច​ជា​គួរ​គប្បី​ដែរ ពី​ព្រោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា កំពុង​តែ​ចំរើន​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើង​ដែរ

4 ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ពី​ដំណើរ​សេចក្តី​ខ្ជាប់‌ខ្ជួន និង​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​មាន​ក្នុង​សេចក្តី​បៀត‌បៀន និង​សេចក្តី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​រង​ទ្រាំ

5 នោះ​ជា​ភស្តុ‌តាង​ពី​សេចក្តី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​គួរ​នឹង​នគរ​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រង​ទុក្ខ ដោយ​ព្រោះ​នគរ​នោះ​ឯង

6 ដ្បិត​នេះ​ជា​សេចក្តី​សុចរិត​នៅ​ចំពោះ​ព្រះ គឺ​នឹង​សង​សេចក្តី​ទុក្ខ​លំបាក ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា

7 ហើយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ‌ចេស្តា​ទ្រង់

8 នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សង‌សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌អម្ចាស់​នៃ​យើង

9 គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្តី​ហិន‌វិនាស​អស់​កល្ប‌ជានិច្ច ឃ្លាត​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌អម្ចាស់ ហើយ​ពី​សិរី‌ល្អ​នៃ​ព្រះ‌ចេស្តា​ទ្រង់

10 ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃ​នោះ ឲ្យ​បាន​គេ​មើល​ទ្រង់​ដោយ​អស្ចារ្យ ក្នុង​ពួក​អ្នក​ដែល​ជឿ ដ្បិត​អ្នក​រាល់​គ្នា​បាន​ជឿ​ពាក្យ​បន្ទាល់​របស់​យើង​ខ្ញុំ​ហើយ

11 ដូច្នេះ យើង​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ បាន​រាប់​អ្នក​រាល់​គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់​ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា

12 ដើម្បី​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

ជំពូក

1 2 3