២ ថែស្សាឡូនីច 2 KHOV

ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​មុន​ព្រះ‌យេស៊ូវ​យាង​មក

1 ឥឡូវ​នេះ បង​ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក ហើយ​យើង​រាល់​គ្នា​ត្រូវ​ប្រជុំ​គ្នា​នៅ​ចំពោះ​ទ្រង់ នោះ​យើង​ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​រាល់​គ្នា​ថា

2 កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើ‌រវាយ ឬ​ថប់​ព្រួយ​អ្វី ទោះ​បើ​ដោយ‌សារ​វិញ្ញាណ​ណា ឬ​ពាក្យ​សំដី​ណា ឬ​សំបុត្រ​ណា ដូច​ជា​មក​ពី​យើង​ខ្ញុំ​ក្តី ដែល​ថា​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​ជិត​ដល់​ហើយ​នោះ​ឡើយ

3 កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន‌វិនាស

4 ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិ‌បត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង

5 តើ​ឯង​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ទេ​ឬ​អី​ថា ក្នុង​គ្រា​ដែល​ខ្ញុំ​នៅ​ជា​មួយ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ទាំង​នេះ​ដែរ

6 ហើយ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​សេចក្តី​ដែល​ឃាត់​វា ប្រយោជន៍​ឲ្យ​វា​បាន​លេច​មក​តែ​ក្នុង​ពេល​វេលា​របស់​វា​ប៉ុណ្ណោះ

7 ដ្បិត​សេចក្តី​អាថ៌‌កំបាំង​របស់​ការ​ទទឹង​ច្បាប់ កំពុង​តែ​បណ្តាល​ឡើង​ហើយ ប៉ុន្តែ មាន​១​អង្គ​ដែល​ឃាត់‌ឃាំង​វា​សព្វ​ថ្ងៃ​នេះ ទាល់​តែ​បាន​ដក​ទ្រង់​ចេញ​ទៅ

8 នោះ​ទើប​អា​ទទឹង​ច្បាប់​នោះ​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​នឹង​បំផ្លាញ ដោយ​ខ្យល់ ហើយ​ធ្វើ​ឲ្យ​វិនាស ដោយ​រស្មី​ពន្លឺ​ពី​ដំណើរ​ទ្រង់​យាង​មក

9 អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​កំភូត

10 ហើយ​ដោយ​គ្រប់​ទាំង​សេចក្តី​ឆ‌បោក​របស់​សេចក្តី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្តី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ

11 ហេតុ​នោះ​បាន​ជា​ព្រះ ទ្រង់​នឹង​ឲ្យ​សេចក្តី​ខុស‌ឆ្គង​មក បណ្តាល​ឲ្យ​គេ​ជឿ​តាម​សេចក្តី​ភូត‌ភរ​វិញ

12 ដើម្បី​ឲ្យ​អស់​មនុស្ស​ណា​ដែល​មិន​ជឿ​តាម​សេចក្តី​ពិត គឺ​ពេញ​ចិត្ត​នឹង​សេចក្តី​ទុច្ចរិត នោះ​បាន​ជាប់​មាន​ទោស​វិញ។

ជីវិត​ខ្ជាប់‌ខ្ជួន​ក្នុង​ជំនឿ

13 ឱ​បង​ប្អូន​ដ៏​ជា​ស្ងួនភ្ងា​នៃ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​ព្រះ​ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ដោយ​មាន​ចិត្ត​ជឿ តាម​សេចក្តី​ពិត​ផង

14 ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​ទាំង​នោះ ដោយ‌សារ​ដំណឹង​ល្អ​នៃ​យើង​ខ្ញុំ ប្រយោជន៍​ឲ្យ​បាន​សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង

15 ដូច្នេះ បង​ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​បញ្ញត្ត ដែល​យើង​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ចុះ ទោះ​បើ​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្តី

16 សូម​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សេចក្តី​កំសាន្ត​អស់​កល្ប‌ជានិច្ច និង​សេចក្តី​សង្ឃឹម​យ៉ាង​ល្អ ដោយ​ព្រះ‌គុណ​ទ្រង់

17 បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ដែរ ហើយ​តាំង​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាំ‌មួន​ឡើង ក្នុង​គ្រប់​ទាំង​ការ និង​ពាក្យ​សំដី​ដ៏​ល្អ​ផង។

ជំពូក

1 2 3