២ ថែស្សាឡូនីច 2:11-17 KHOV

11 ហេតុ​នោះ​បាន​ជា​ព្រះ ទ្រង់​នឹង​ឲ្យ​សេចក្តី​ខុស‌ឆ្គង​មក បណ្តាល​ឲ្យ​គេ​ជឿ​តាម​សេចក្តី​ភូត‌ភរ​វិញ

12 ដើម្បី​ឲ្យ​អស់​មនុស្ស​ណា​ដែល​មិន​ជឿ​តាម​សេចក្តី​ពិត គឺ​ពេញ​ចិត្ត​នឹង​សេចក្តី​ទុច្ចរិត នោះ​បាន​ជាប់​មាន​ទោស​វិញ។

13 ឱ​បង​ប្អូន​ដ៏​ជា​ស្ងួនភ្ងា​នៃ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​ព្រះ​ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ដោយ​មាន​ចិត្ត​ជឿ តាម​សេចក្តី​ពិត​ផង

14 ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​ទាំង​នោះ ដោយ‌សារ​ដំណឹង​ល្អ​នៃ​យើង​ខ្ញុំ ប្រយោជន៍​ឲ្យ​បាន​សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង

15 ដូច្នេះ បង​ប្អូន​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​បញ្ញត្ត ដែល​យើង​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​ចុះ ទោះ​បើ​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្តី

16 សូម​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សេចក្តី​កំសាន្ត​អស់​កល្ប‌ជានិច្ច និង​សេចក្តី​សង្ឃឹម​យ៉ាង​ល្អ ដោយ​ព្រះ‌គុណ​ទ្រង់

17 បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ដែរ ហើយ​តាំង​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាំ‌មួន​ឡើង ក្នុង​គ្រប់​ទាំង​ការ និង​ពាក្យ​សំដី​ដ៏​ល្អ​ផង។