២ ថែស្សាឡូនីច 3:11-17 KHOV

11 ដ្បិត​យើង​ខ្ញុំ​ឮ​ថា មាន​អ្នក​ខ្លះ​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ប្រព្រឹត្ត​ឥត​របៀប ឥត​មាន​ធ្វើ​ការ​អ្វី​សោះ គឺ​គេ​រវល់​តែ​ចំពោះ​ការ​ឥត​ប្រយោជន៍​វិញ

12 ដូច្នេះ យើង​ខ្ញុំ​ផ្តាំ​មក​មនុស្ស​យ៉ាង​នោះ ហើយ​ទូន្មាន​គេ ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ឲ្យ​គេ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ​ដោយ​ស្រគត់‌ស្រគំ​ផង

13 បង​ប្អូន​អើយ កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ

14 បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​របស់​យើង​ខ្ញុំ ក្នុង​សំបុត្រ​នេះ​ទេ នោះ​ចូរ​សំគាល់​អ្នក​នោះ​ទុក ហើយ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឲ្យ​សោះ ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​ខ្មាស

15 តែ​កុំ​ឲ្យ​រាប់​គេ​ទុក​ដូច​ជា​ខ្មាំង​សត្រូវ​ឡើយ ចូរ​ទូន្មាន​គេ ដូច​ជា​បង​ប្អូន​វិញ។

16 សូម​ឲ្យ​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ផ្តល់​សេចក្តី​សុខ​សាន្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ជានិច្ច សូម​ឲ្យ​ព្រះ‌អម្ចាស់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់

17 ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ នេះ​គឺ​ជា​ទី​សំគាល់​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ គឺ​បែប​យ៉ាង​នេះ​ហើយ ដែល​ខ្ញុំ​សរសេរ​មក